ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ យើងខ្ញុំ ទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចធិបតី សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវការកោត សរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តគោរពជូនចំពោះ សម្តេចធិបតី ដែលបានបន្តថែរក្សា អភិបាលសន្តិភាព ស្ថិរភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដោយខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និង ការលះបង់យ៉ាងធំធេងក្នុងមហាបេសកកម្មប្រកបដោយមនសិការ ឧត្តមគតិ ឆន្ទៈមោះមុត ភាពប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសអភិវឌ្ឍន៍ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពឧទ្ទិសបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនៈត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំ សព្ទសាធុការមហាពរជ័យគោរពជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងអភិវន្ទនាការដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ៕
ដោយ ៖ សិលា