ភ្នំពេញ ៖ នេះគឺជាផ្នត់គំនិត និងការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និងផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវាងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬព្យាបាលជំងឺបានទាន់ពេលវេលា។
ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះ ក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចអោយមានឈាមក្រហមពេលបន្ទោរបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតទៀតផង។ ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា : ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។
ដូច្នេះហើយទើបការដែលបន្ទោរបង់លាមកមានឈាមក្រហមនេះសម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាតយើង តែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវអោយមានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះអោយបានច្បាស់លាស់បំផុតដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និងបែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិត្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀត បើទោះជាមានជំងឺឫសដូងបាត ក៏នៅតែមិនប្រាកដដែរថា ឈាមនោះមកពីផ្នែកខាងក្រោម ឬមកពីពោះវៀនធំនោះទេ។
* ចំពោះការបន្ទោរបង់មានឈាមដែលតម្រូវអោយធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះ គឺមានកក្តា និង រោគសញ្ញារួមផ្សំដូចជា៖
– អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
– បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
– មានអការ:ឈឺពោះរ៉ាំរ៉ៃ (Chronic abdominal pain)
– មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
– ក្រោយការពិនិត្យរាង្គកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
– មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក (Family history of any cancer).
ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នា ពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ចំពោះបញ្ហានៃការបន្ទោបង់មកមានឈាមក្រហម សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និងមិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជំងឺអោយបានច្បាស់លាស់ ក្នុងគោលបំណងជៀសវាងភាពធ្ងន់ធ្ងរ ព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និងទាន់ពេលវេលាផងដែរ ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា