ភ្នំពេញ៖ មនុស្សសរុបចំនួន៣៧នាក់បានស្លាប់ និង៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លាប់១១នាក់ និងរបួស២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់។
បើប្រៀបធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ យើងបានពិនិត្យឃើញថា រយៈពេល៣ថ្ងៃពីថ្ងៃ១៤ដល់១៦ ខែមេសា ក្នុងឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន៤៧ករណី គឺកើនឡើងចំនួន២ករណីដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន២៥នាក់ គឺកើនឡើងចំនួន១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន៦៦នាក់ គឺថយចុះចំនួន២៦នាក់។
សូមរម្លឹកថា នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់។ ក្នុងនោះ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់។ នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់ និងថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៩លើក នៅពេលយប់ ៩លើក បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥នាក់ របួសធ្ងន់ស្រាលចំនួន ២៦នាក់៕
ដោយ៖ ជ្រោយពេជ្រ