ខេត្តកំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា៖ ក្នុងរយ:ពេល៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តបានប្រមាណជិត ១លាន ៤សែននាក់ បានមកសម្រាកកម្សាន្តក្នុងខេត្ត និងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។
លោកប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់ថា រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តចំនួន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១.៣៩៦.៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន៣.១២២នាក់។
លោកបន្តថា ចំពោះគោលដៅទេសចរណ៍ដែលកំពុងមានភាពទាក់ទាញក្នុងខេត្តកំពត គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។ ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។
បន្ថែមពីនេះ លោកប្រធានមន្ទីរ ក៏បានលើកឡើងថា ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងថាក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមថ្លែងអំណរគុណដល់លោក-លោកស្រីស្នងការរងរួមនិងកំលាំងតាមបណ្តាផែនទាំងអស់ លោកអធិការក្រុងស្រុកទាំង ០៩ និងកងកម្លាំងទាំងអស់ដែលយកចិត្តទុកដាក់ថែរក្សារនិងការពារសណ្តាប់ធ្នាប់សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង ០៤ ថ្ងៃកន្លងមកនេះបានល្អប្រសើរ សូមអរគុណចំពោះការយកចិត្តទុកដាក់និងលៈបង់អស់កំលាំងកាយចិត្តនិងពេលវេលាសំរាប់ខេត្តកំពតរបស់យើងផងដែរ៕
ដោយ៖ តារា