ព័ត៌មានទាន់ហេតុការណ៍៖

តំណាង លោក ឌី វិជ្ជា និងលោកស្រី បាននាំយកបាយប្រអប់ ទឹកក្រូច និងទឹកសុទ្ធ មួយចំនួនមកផ្ដល់ជូនបងប្អូនកម្លាំងសហការចម្រុះ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមគ្នាដើម្បីរៀបចំសម្អាតឡើងវិញទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នាវេលាទៀបភ្លឺថ្ងៃពុធ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់បងប្អូនកម្លាំងចម្រុះបាននឹងកំពុងសស្រាក់សស្រាំង សហការគ្នាបោស និងលាងសម្អាតទីសាធារណៈ ជាពិសេសទីកន្លែងកំសាន្តនៅក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសង្ក្រានរយះពេល៤ថ្ងៃកន្លងមកនេះ,លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា តាមរយៈ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារ បាននាំយកបាយប្រអប់ ទឹកក្រូច និងទឹកសុទ្ធ មួយចំនួនមកផ្ដល់ជូនបងប្អូនកម្លាំងសហការចម្រុះ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមគ្នាដើម្បីរៀបចំសម្អាតឡើងវិញទីសាធារណៈ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ ខាងលើដែលទើបនឹងបញ្ចប់ពិធីសង្ក្រាន្តរួចមកនេះ។

លោក ឌី វិជ្ជា និងលោកស្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជូនចំពោះ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច និងបងប្អូនជាកម្លាំងចម្រុះដែលចូលរួមបោស និងលាងសម្អាតទីតាំងប្រារព្វកម្មវិធីសង្ក្រាន្តខាងលើ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖