ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងនៅវេលា ម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល ដោយម៉ូតូមួយគ្រឿងម៉ាក Yamaha king ពណ៌លឿង ពាក់ស្លាកលេខ វៀតណាម 70.H3.8715 បើកបដោយឈ្មោះ ម៉ា ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ ដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ខណៈនោះស្រាប់តែមាន ឈ្មោះ កែ សុខាន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដើរថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នក៏បុកពេញទំហឹងបណ្ដាលអោយស្ត្រីខាងលើស្លាប់នៅនឹងកន្លែង។
ករណីទី២កើតឡើងនៅវេលាម៉ោង ២និង២២នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១៣ ( ផ្លូវបំបែក ) ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង/ខេត្ត ស្វាយរៀង មាន ម៉ូតូម៉ាកសូនិច ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ អី ឧត្ដម ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុក ស្វាយទាប អ្នករួមដំណើរឈ្មោះ អែម ជោគជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ដោយធ្វើដំណើរពីជើងទៅត្បូងក៏បុកជាមួយម៉ូតូសណ្ដោងរុឺម៉កម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AG-៥២៥០ បើកបរដោយឈ្មោះ យិន សន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររត់កង់បី រស់នៅភូមិអំពិល ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ក្នុងទិសដៅពីកើតទៅលិច ( បត់ទៅជើង ) ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូស្រវឹង ១.០២៣ mg/L មិនប្រកាន់ស្ដាំទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ៕
ដោយ៖ សុថាន