ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការធ្វើសមាហរណកម្មនិងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន សម្រេច ៖
មាត្រា១.. អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណកម្មទៅក្នុង ប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួលក្រោយឆ្នាំ២០១៥ ជាគោល។
មាត្រា២.. អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលត្រូវបានធ្វើសមាហរណកម្មក្នុងមាត្រា១ និងអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែផ្អែក លើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣។
សាមីខ្លួននឹងត្រូវផ្តល់របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងករណីរបបសន្តិសុខសង្គមប្រចាំខែដែលមានកំណត់ ក្នុងវាក្យខណ្ឌខាងលើ មានកម្រិតទាបជាងរបបសន្តិសុខសង្គមប្រចាំខែដែលសាមីខ្លួនកំពុងទទួលបាន។
មាត្រា៣.. របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល ត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល។
មាត្រា៤.. របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានកំណត់ក្នុងមាត្រា២ និង មាត្រា៣ ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
មាត្រា៥.. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា