ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។ 

នៅម្ខាង កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។ 

ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោនឹងក្លាយជាប្រធានស្ថានប័ននីតិបញ្ញត្តិកំពូលមួយនេះ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រពីអង្គបោះឆ្នោតរហូតដល់ជិត ៩៥% ដែលជាជោគជ័យដ៏ធំធេងមួយទៀត។ 

ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារទំនុកចិត្តនិងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំក៏ដូចជាចំពោះអនាគតប្រទេសជាតិដ៏ជាទីសង្ឃឹមលើសពីពេលណាៗទាំងអស់។ ចំនួនទេសចរក្នុងស្រុកដ៏ច្រើនលើសលប់នេះក៏ជាសារបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរជននយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖