ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដោយមិនទុកឱ្យនៅឯកោនោះឡើយ។
គួរបញ្ជាក់ថា ៖ នៅក្នុងរបបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០ រៀល នឹងត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល។ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែ ដោយផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួលក្រោយឆ្នាំ២០១៥ ជាគោល។
ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលត្រូវបានធ្វើសមាហរណកម្មក្នុងមាត្រា១ និងអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែ ដោយផ្អែកលើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
ដោយ ៖ សិលា