ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ទីតាំងសរុប ៥០កន្លែង ទទួលបានភ្ញៀវទេសចរណ៍ សរុបប្រមាណជាង ២.៣៤០.០០០នាក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ទីតាំងសរុប ៥០កន្លែង ទទួលបានភ្ញៀវទេសចរណ៍ សរុបប្រមាណជាង ២.៣៤០.០០០នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” របស់រដ្ឋបាលខេត្ត។ 

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ បងប្អូន សាធារណៈជន បានជ្រាបថា នៅតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តព្រៃវែង បានរៀបចំកម្មវិធីកំសាន្តផ្សេងៗ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងដើម្បីបង្កភាព សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមលេងកំសាន្តសប្បាយ រីករាយ ដែលមានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានទីតាំងសរុប ៥០កន្លែង ក្នុងនោះយើងទទួលបានភ្ញៀវទេសចរណ៍ សរុបប្រមាណជាង ២.៣៤០.០០០នាក់។ ជាមួយនេះ នៅទីរួមខេត្ត ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ដែលរដ្ឋបាលខេត្តព្រៃវែង សហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលមានដូចជាការប្រគុំតន្ត្រីសម័យ ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ ការរាំលេងកំសាន្តតំបន់ត្រជាក់ចិត្ត ការដាក់ តាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក កម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ ការបង្ហោះគោម និងបាញ់កាំជ្រួច និងកម្មវិធីកំសាន្តផ្សេងៗទៀត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ បងប្អូនសាធារណៈជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖