ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់តំណាងរាស្ត្រចំនួន ២រូប ដើម្បីសម្រេច អំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៖
– លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង ។
– លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស លោក ប្រាក់ សុខុន ដែលបានសុំលាលែង។
២- អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដែលមានរបៀបវារៈតែមួយគឺ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជា តំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប៖
លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង។
លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា