ភ្នំពេញ ៖ «សង្ក្រាន្ត» តាមបណ្តារាជធានី-ខេត្ត បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ភាគជោគជ័យនៃសង្រ្កាន្តបានឆ្លុះបញ្ចាំងពីឯកភាព សាមគ្គីភាព ក្នុងស្មារតីមហាគ្រួសារខ្មែរ តាមរយៈការប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍សង្ក្រាន្ត រាជធានី-ខេត្ត បានបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទនភាពជាតិ ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ នេះជាការបញ្ជាក់ពី សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។
អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ៖ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ ជាពិសេសក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសទាំងអស់ ដែលបានចូលរួមចំណែករៀបចំ «សង្រ្កាន្ត» តាមបណ្តារាជធានី-ខេត្ត រាប់ចាប់តាំងពីការងារតុបតែង តម្លើង ដឹកនាំកម្មវិធី រហូតដល់ការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុខសុវត្ថិភាព បង្ករលក្ខណៈកំសាន្តសប្បាយដល់ បងប្អូន អ៊ំពូមីង ដែលបានញ៊ាំងឱ្យការប្រារព្ធ«សង្រ្កាន្តឆ្នាំថ្មី»នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងពោពេញដោយស្នាមញញឹម ៕
ដោយ ៖ សិលា