ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត ៖​ ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដូច្នេះកិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែលចាំបាច់បំផុត

ចែករំលែក៖

ខេត្តសៀមរាប៖ លោកនាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់​ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលកម្មវិធីប្រារព្ធធ្វេីឡេីងនៅរដ្ឋបាលសាលាខេត្តសៀមរាប។​ 

ក្នុងឱកាសនោះ លោក​ ប្រាក់​ សោភ័ណ​ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានមតិស្វាគមន៍ភ្ញៀវទាំងអស់ ដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីព្រឹកនេះ។ ជាមួយគ្នានោះ លោក បានថ្លែងអំណរគុណដល់ស្នងការនគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងការពារប្រជាពលរដ្ឋក្នុងខេត្តកន្លងមក ប្រកបដោយការទទួលខុសត្រូវ ដោយមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វេីឲ្យមានសុខសុវត្ថិភាពក្នុងខេត្តទាំងមូល។

លោកនាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងកម្មវិធីគាំទ្ររបាយការណ៍សង្ខេប និងស្នាដៃរបស់អតីតស្នងការលោកឧត្តមសេនីយ៍ទោ​ តេង  ច័ន្ទណាត និងគាំទ្រការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នងការថ្មីលោកឧត្តមសេនីយ៍ទោ ហួត សុធី។ លោកនាយឧត្តមសេនីយ៍​ ស​ ថេត​ ឯកភាពចំពោះប្រសាសន៍លេីកឡេីងរបស់លោកអភិបាលខេត្តសៀមរាប ដែលស្នងការថ្មី ត្រូវតែចាត់ទុកជាត្រីវិស័យ និងយកទៅអនុវត្ត។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលកើតចេញ និងការពារបានយ៉ាងល្អពីសំណាក់កងកម្លាំងនគរបាលទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កន្លងទៅកងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧, ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងត្រៀមលក្ខណៈដើម្បីការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា សម្រាប់មូលដ្ឋានខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់នេះ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែលចាំបាច់បំផុត ហើយត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដូច្នេះស្នងការថ្មី ត្រូវតែពង្រឹងលើកិច្ចការងារទាំងអស់នេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

ដេីម្បីបន្តធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ និងលេីកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ បានដាក់ចេញនូវការណែនាំ និងផ្ដល់អនុសាសន៍ជូនដល់ស្នងការនគរបាលខេត្តសៀមរាប យកទៅអនុវត្តដេីម្បីប្រសិទ្ធភាពការងារដូចខាងក្រោម៖

ទី១៖ ពង្រឹងតួនាទីភារកិច្ចដឹកនាំរចនាសម្ព័ន្ធ​ ទៅតាមផែនតួនាទីចាំបាច់​ ការិយាល័យជំនាញរហូតទៅដល់ប៉ុស្តិ៍រដ្ឋបាល​ ត្រូវមានធនធាន កន្លែងធ្វេីការ និងរបបហូបចុក  សុខមាលភាពរបស់មន្ត្រី និងព្យាករណ៍​ សន្និដ្ឋានជាមួយស្នងការរងទទួលជំនាញចំពោះសភាពការណ័បទល្មេីសដែលកំពុងកេីតមានឡេីងជាប្រភេទបទល្មេីស​ មធ្យម​ ធ្ងន់​ រឺ​ ស្រាល។ ការរៀបចំរបបប្រជុំប្រចាំសប្តាហ៍​ ប្រចាំខែ ពិសេសទការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

*ទី២៖ បញ្ហាគ្រឿងញៀនជាវិបត្តិសកលដែលយេីងជាប្រទេសងាយរងផលប៉ះពាល់ ហើយគ្រឿងញៀននេះបានសាយភាយទៅដល់ភូមិសង្កាត់ ដែលយើងត្រូវតែរួមគ្នាទប់ស្កាត់មិនឲ្យមានការប្រេីប្រាស់ការជួញដូរ នៅតាមក្លឹបកម្សាន្ដ ពិសេសត្រូវចាត់វិធានការឲ្យបានដាច់ខាត។

*ទី៣៖ ត្រូវធ្វេីជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កេីនកិច្ចសហការជាមួយអង្គភាព និងមន្ទីរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព,  អប់រំអំពីបរិស្ថាន បំផុសការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​, បង្ក្រាបអំពេីលួចឆក់ប្លន់ ក្មេងទំនេីង។

*ទី៤៖ ត្រួតពិនិត្យនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១០០ នៅទូទាំងខេត្តសៀមរាប ពិនិត្យពីសុខុមាលភាពជាក់ស្តែង និងធ្វេីរបាយការណ៍បញ្ជូនឡេីងមកថ្នាក់លេី ពិនិត្យពីធនធានមនុស្ស ពីជំនាញរបស់មន្ត្រី និងដាក់គ្រូបង្គោលដេីម្បីបណ្តុះបណ្តាលបន្ថែម ពិសេសពាក់ព័ន្ធជំនាញសន្តិសុខ។

*ទី៥៖ ត្រូវមានឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ ហើយជាមួយគ្នានោះ ត្រូវសហការគ្នាធ្វេីការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងគោលដៅតែមួយ គឺរក្សាសុវត្ថិភាពសន្តិសុខ, រក្សាសាមគ្គីភាពផ្ទៃក្នុង ពិសេសរក្សាឲ្យបានតម្លៃរបស់កងកម្លាំងនគរបាលជាតិ ត្រូវមានការអប់រំឲ្យបានជាប់ជាប្រចាំ​ គោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត​ ជាមួយនោះដាក់ពិន័យមន្រ្តីដែលប្រព្រឹត្តកំហុស និងលេីកសរសេីរចំពោះមន្រ្តីដែលបំពេញភារកិច្ចល្អ។ ត្រូវចេះតាមដានពិនិត្យសុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ ក្នុងករណីឈឺថ្កាត់ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ ក៏បាននាំយកមកនូវអំណោយមួយចំនួនជា៖

ឧបករណ៍សម្ភារបម្រើឲ្យការងារជំនាញក្នុងប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះ សម្រាប់ផ្តល់ជូនដល់ស្នងការដ្ឋាន និងអធិការដ្ឋានដែលក្នុងនោះ៖*ស្នងការដ្ឋានទទួលបាន

– អាវការពារគ្រាប់ ចំនួន១២០អាវ

– ទុសៀ ចំនួន១២០កំប្លេរ

– ដំបងបញ្ជាចរាចរណ៍ ចំនួន១២០ដើម

– ខ្នោះដៃ ចំនួន១២០គូ

– ឧបករណ៍សង្គ្រោះ (ម៉ាស៊ីនទំលុះបេតុង និងរណាកាត់ដែក) ចំនួន០៧គ្រឿង

– ខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ ចំនួន១២០ដុំ

– ទូកម៉ាស៊ីន ចំនួន០៣គ្រឿង

– ប៉ៅអី និងកៅអីចល័ត ចំនួន១២០

*ជូនដល់អធិការដ្ឋានទាំង ១៣ក្រុង-ស្រុក ក្នុង១អធិការដ្ឋាន ទទួលបាន០៣កំប្លែរ

អាវការពារគ្រាប់ ទូសៀ ដំបងបញ្ជាចរាចរណ៍ខ្នោះដៃ ប៉ៅអី និងកៅអីចល័ត។

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ ស​ ថេត ក៏បានឧបត្ថម្ភថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ១០លានរៀល, កងរាជអាវុធហត្ថខេត្ត ចំនួន ៣លានរៀល, តំបន់ប្រតិការសិករងខេត្ត ៣លានរៀល និងពន្ធនាគារខេត្ត ៣លានរៀល៕

ដោយ​៖ ស​ តារា​


ចែករំលែក៖