ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលកន្លងទៅនេះ បានល្អប្រសើរ ប្រកប ដោយសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
-សម្តេចធិបតី ថ្លែងថា ការកសាងនូវ សមិទ្ធផលនានានៅក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថិភាពបន្ថែមទៀត ក្នុងវិស័យការពារជាតិ។
-សម្តេចធិបតី ថ្លែងថា កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។
-សម្ដេចធិបតី ថ្លែងថា កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ។
-សម្តេចធិបតី ថ្លែងសង្ឃឹមយ៉ាងមុងមាំថា ការរៀបចំ និងការកែទម្រង់នូវវិស័យការពារជាតិ និងទទួលបានជោគជ័យ បើទោះបីជាការកែទម្រង់នេះមាន ការលំបាកបន្តិចក្តី ក៏ប៉ុន្តែមិនអាចដកថយបាននោះឡើយ។
-សម្តេចធិបតី ថ្លែងថា ការទូតយោធាគឺជាកិច្ចការសំខាន់បំផុត ដោយកិច្ចការនេះ មិនត្រឹមតែធ្វើជាមួយក្រសួងការពារជាតិប៉ុណ្ណោះទេ គឺត្រូវធ្វើជាមួយគ្រប់ភាគីទាំងអស់ ទាំងទ្វេភាគី និងតំបន់។ មួយវិញទៀតការទូតយោធានេះ ពេលណាធ្វើត្រូវនឹងនាំមកនូវសន្តិភាព មិត្តភាពល្អជាមួយប្រទេសជាមិត្ត តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។
-សម្តេចធិបតី ថ្លែងថា សាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ក្នុងនោះត្រូវតែមានគុណវុឌ្ឍិសម្រាប់យោធាចារ្យ ដើម្បីពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ។
-សម្ដេចធិបតី ថ្លែងជំរុញឱ្យបង្កើនការ សិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិ កម្ពុជា ឱ្យស្របតាមស្ថានភាពពិភពលោក។
-សម្តេចធិបតី ថ្លែងថា សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។
-សម្តេចធិបតី ថ្លែងរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវ តែធ្វើឲ្យបានជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស។
-សម្តេចធិបតី ប្រកាសណែនាំឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។
-សម្ដេចធិបតី ស្នើដល់ក្រសួងការពារជាតិ ឱ្យពន្លឿនការគិតគូរលើការរៀបចំក្របខណ្ឌកាតព្វកិច្ចយោធា។
-សម្ដេចធិបតី ថ្លែងថា សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបណ្ដុះបណ្ដាលកងទ័ពនោះទេ តែត្រូវប្រែក្លាយខ្លួនក្នុងការស្រាវជ្រាវ និងការបង្កើតបរិបទថ្មីៗក្នុង កិច្ចការយោធា ឱ្យស្របតាមបរិបទរបស់ពិភពលោក ដែលកំពុងមានការប្រែប្រួលជាបន្តបន្ទាប់។ នេះជាការចង្អុលបង្ហាញរបស់សម្ដេចធិបតី ទៅកាន់សាកលវិទ្យាល័យការពារជាតិក្នុងការពង្រឹងតួនាទីរបស់បន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យមានការជ្រើសរើសទាហានឱ្យមានសមាមាត្រគ្នារវាងនាយទាហាន នាយទាហានរង និងពលទាហាន។ សម្ដេច បញ្ជាក់ថា កុំជ្រើសរើសកងទ័ពចូលតែ១០ភាគរយ តែចូលតាមច្រកពិសេសដល់៩០ភាគរ។
សូមជម្រាបថា អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនកងយោធពលខេមរភូមិន្ទ។
សាកលវិទ្យាល័យការពារជាតិ មានភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺនជូននាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានអាជីព និងនាយទាហានជំនាញឯកទេស ដើម្បីក្លាយជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ប្រកបទៅដោយសមត្ថភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវ វិភាគ និង វាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការអនុវត្តន៍តួនាទី ភារកិច្ច ជានាយទាហាន ជាមេបញ្ជាការ និងជាសេនាធិការដឹកនាំបញ្ហា។
ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងកម្លាំង គឺជាកិច្ចការដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់តាំងពីក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីបង្កើនសមត្ថភាពកងកម្លាំងថែរក្សាការពារទឹកដី ជាពិសេសការពារជាតិពីការប៉ុនប៉ងវិលមកគ្រប់គ្រងប្រទេសឡើងវិញពីបនប្រល័យពូជសាសន៍ ប៉ុល ពត។ ដំបូងឡើយសាកលវិទ្យាល័យការពារជាតិ មានឈ្មោះត្រឹមជាសាលាអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានមធ្យម-ជាន់ខ្ពស់ប៉ុណ្ណោះ។ សាលានេះ មានបេសកកម្មហ្វឺកហ្វឺនអប់រំនាយទាហានថ្នាក់មធ្យម និងហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់មានរយៈពេលពី៦ខែ ដល់មួយឆ្នាំ៕
ដោយ៖ស តារា