ព័ត៌មានទាន់ហេតុការណ៍៖

អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ទី១. ត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទ ចាប់ ពីស្ថាប័នថ្នាក់ដឹកនាំបញ្ជា រហូតដល់កងឯកភាព ឱ្យបានសម្រេចប្រកបដោយ តម្លាភាព និងគណនេយ្យភាព និងស្មារតីសាមគ្គីភាពទទួលខុសត្រូវខ្ពស់។

ទី២. លើវិស័យកសាងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែល មានថាមពលខ្លាំងក្លា, សមត្ថភាព ពេញលេញ, មានឆន្ទៈមោះមុត, មនសិការ និង វិន័យល្អ, ការពារបានរឹងមាំនូវឯករាជ្យជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ សំដៅធ្វើឱ្យបរាជ័យរាល់ ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត, ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុន- ប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា, បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃ ណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឱ្យបាន, ហើយត្រូវចូលរួមចំណែកទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។

ទី៣. ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាព ត្រូវអនុវត្តតាមគោលការណ៍ “វិសមិត មុខងារ តួនាទី ភារកិច្ច” របស់ស្ថាប័នកងឯកភាព ដើម្បីលុបបំបាត់ “ភាពត្រួតគ្នា” ឱ្យបានសម្រេច តាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសម- ស្រប។ ជាមួយគ្នានេះ, សមាមាត្រនៃបរិមាណរវាងនាយទាហាន និងពល- ទាហាន ត្រូវឱ្យមានភាពសមស្រប ហើយជាពិសេស ខិតខំលុបបំបាត់ឱ្យបានជា ជំហានៗនូវស្ថានភាពនៃចំនួន “ទ័ពលើសតែខ្វះ” និង “ខ្វះតែលើស” ក្នុងនោះ៖ ក. ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានម៉តចត់នូវច្បាប់កាតព្វកិច្ចយោធា និង បញ្ហាឯកសារគតិយុត្តពាក់ព័ន្ធ ដែលមានរួចមកហើយ, ពិចារណាកែសម្រួល បំពេញបន្ថែមឱ្យបានពេញលេញ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាង បន្ថែមនូវឯកសារគតិយុត្តពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅអនុវត្តច្បាប់កាតព្វកិច្ច យោធាឱ្យបានជាជំហានៗ ស្របតាមសភាពការណ៍ និងភារកិច្ចការពារជាតិ នៅពេលវេលាសមស្របខាងមុខ។

ខ. ក្នុងការងារជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវ តាមគោលការណ៍ “គុណាធិបតេយ្យ” ដោយផ្អែកតាមមុខដំណែង និងច្បាប់ លក្ខន្តិកៈទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែ ឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ ស្ថាប័នកងឯកភាពតាមឋានានុក្រម។

គ. ត្រូវយកការបណ្តុះបណ្តាលក្នុងស្រុកជាអាទិភាព លើកលែងតែការបណ្តុះ- បណ្តាល ជំនាញ ឯកទេសបច្ចេកទេសជាន់ខ្ពស់ ដែលត្រូវពឹងផ្អែកលើការបណ្តុះ- បណ្តាលនៅក្រៅប្រទេស ដើម្បីធ្វើការបណ្តុះបណ្តាល នាយទាហានដឹកនាំបញ្ជា, នាយទាហានគ្រប់គ្រងវ័យក្មេង សម្រាប់បន្តវេនដឹកនាំ គ្រប់គ្រង តាមបណ្តាស្ថា- ប័នកងឯកភាព។ ការចាត់បញ្ជូនយោធិនចូលរៀនតាមគ្រឹះស្ថានសិក្សា ត្រូវគោរព តាមគោលការណ៍នៃការជ្រើសរើសលក្ខណៈសម្បត្តិយោធិនតាមវគ្គនីមួយៗទៅតាម គោលការណ៍នៃក្រសួងការពារជាតិ។

ទី៤. ចំពោះ ការងារហ្វឹកហ្វឺន និងបណ្តាសាលា លើការងារបណ្តុះបណ្តាល កសាង ធនធានមនុស្ស, ពោល គឺជាថ្នាលបណ្តុះពូជនាយទាហានវ័យក្មេង ដែលនឹងក្លាយ ជានាយទាហានថ្នាក់ដឹកនាំបញ្ជា និងគ្រប់គ្រងតាមស្ថាប័នកងឯកភាពគ្រប់លំដាប់ ថ្នាក់៖

ក. ត្រូវបន្តកសាងពង្រឹងជួរយោធាចារ្យ ក៏ដូចជា ឯកសារបង្រៀនគ្រប់ជំនាញ គ្រប់ មុខវិជ្ជា ឱ្យមានគុណភាព និង សមត្ថភាពពេញលេញ គ្រប់លក្ខណៈសម្បត្តិ ស្រប តាមការវិវត្តន៍ រីកចំរើននៃវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើប ជាពិសេសក្នុងវិស័យ យោធា។ ចំពោះយោធាចារ្យ៖ ក្រសួងការពារជាតិ និង ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ដោយធ្វើការបំពាក់បំប៉នគរុកោសល្យ និងការគិតគូរលើ គោលនយោបាយគាំទ្រឱ្យបានសមស្រប ដូចជា ការជំរុញអនុវត្តទៅតាមគោល- ការណ៍ដែលមានស្រាប់, អំពីប្រាក់កម្រៃម៉ោងបង្រៀន, ប្រាក់សម្រាប់ការ ស្រាវជ្រាវ ឱ្យបានទាន់ពេលវេលា, មានតម្លាភាព និងផ្តល់កិត្តិយសគិតគូរពី ឋានន្តរសក្តិ, គ្រឿងឥស្សរិយយស, ប័ណ្ណសរសើរ ព្រមទាំងការគិតគូរជាអាទិភាព កសាងយោធាចារ្យថ្មីបន្តវេន ដោយជ្រើសរើសពីនិស្សិតដែលរៀនបានពិន្ទុខ្ពស់ និងពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រងកងឯកភាព មកបណ្តុះបណ្តាល ជាយោធាចារ្យវិលជុំ។

ខ. ទន្ទឹមនឹងការអនុវត្តភារកិច្ចស្នូល ត្រូវសហការគ្នាស្អិតរមួតប្រែក្លាយសាលាទៅ ជាមជ្ឈមណ្ឌលប្រមូលផ្តុំសិក្សាស្រាវជ្រាវ, កសាងរាល់ឯកសារយោធាគ្រប់ជំនាញ ឱ្យឯកភាពគ្នា រួមទាំងឯកសារបច្ចេកវិទ្យា, វិទ្យាសាស្ត្រយោធា, សេដ្ឋកិច្ច- នយោបាយ, យោធា និងអប់រំចិត្តសាស្ត្រ។ល។

គ. ត្រូវបង្កលក្ខណៈអំណោយផលឱ្យគ្នាទៅវិញទៅមក និង សហការគ្នាដកស្រង់ ពីការបំពេញភារកិច្ចរបស់ខ្លួន, កសាងឱ្យបាននូវសូចនាករសំខាន់ៗ ចាំបាច់នានា សម្រាប់បម្រើការក្នុងវិស័យការពារជាតិ ហើយផ្លាស់ប្តូរព័ត៌មានចាំបាច់ឱ្យគ្នាសម្រាប់ការសិក្សាស្រាវជ្រាវ និងដកពិសោធន៍ ដែលជាមូលដ្ឋានក្នុងការធ្វើផែនការយុទ្ធ- សាស្ត្រនានា។

ឃ. ត្រូវសិក្សាស្រាវជ្រាវដកបទពិសោធន៍ ពីសង្គ្រាមនៅតាមបណ្តាប្រទេស ដែល កំពុងមានសង្គ្រាម ដើម្បីពង្រឹងសមត្ថភាពកងឯកភាពទ័ពជំនាញដែលមានស្រាប់ និងពិនិត្យលទ្ធភាពបង្កើតបន្ថែមនូវឱ្យកងឯកភាពទ័ពជំនាញជាក់លាក់ផ្សេងទៀត ឱ្យស្របតាមការវិវត្ត រីកចម្រើនចុងក្រោយនៃវិស័យបច្ចេកវិទ្យាយោធា។

ង. ត្រូវយកចិត្តទុកដាក់បន្ថែមលើការបណ្តុះបណ្តាល និងគ្រប់គ្រងធនធាន មនុស្ស, ព្យាយាមសិក្សាស្រាវជ្រាវបន្តអភិវឌ្ឍចំណេះជំនាញរបស់ខ្លួន ដើម្បីពង្រឹង និងពង្រីកចំណេះដឹង ចំណេះធ្វើ ឱ្យបានទាន់ការវិវត្តន៍រីកចម្រើននៃវិស័យបច្ចេក- វិទ្យាយោធាក្នុងបរិការណ៍នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថលសកលលោក។

ច. យកចិត្តទុកដាក់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តាសាលា មជ្ឈមណ្ឌល ហ្វឹកហ្វឺនដែលមានស្រាប់ និងកំពុងតែបង្កើតថ្មីឱ្យស្របតាមនិយាម និងគោលដៅ នៃជំនាញនីមួយៗ ព្រមទាំងបំពាក់សម្ភារៈហ្វឹកហ្វឺនទំនើបស្របតាមលទ្ធភាពដែល អាចធ្វើទៅបាន។

ឆ. ក្រៅពីការពង្រឹងប្រព័ន្ធហ្វឹកហ្វឺននៅតាមបណ្តាសាលា ក្រសួងការពារជាតិ កង- យោធពលខេមរភូមិន្ទ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែម លើការហ្វឹកហាត់លើទីលានតាម កងឯកភាពទៅតាមជំនាញឯកទេសនីមួយៗ ដើម្បីជាការគ្រប់គ្រងកម្លាំងទ័ព, គ្រឿងបំពាក់, និងបង្កើនសមត្ថភាព។

ទី៥. ត្រូវបន្តធ្វើទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយដៃគូបរទេស ក៏ដូចជា បណ្តា ប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រួមទាំងការជួយឧបត្ថម្ភទាំងស្មារតី និង សម្ភារៈដល់ការហ្វឹកហ្វឺនរៀនសូត្ររបស់យើង ដោយឈរលើស្មារតីការពារឧត្តម- ប្រយោជន៍របស់កងយោធពលខេមរភូមិន្ទ ស្របតាមអភិក្រម “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។

ទី៦. ការងារអប់រំចិត្តសាស្រ្តព័ត៌មាន និងគោលនយោបាយ ជាកិច្ចការមួយមិនអាចខ្វះ បានក្នុងការកសាងឆន្ទៈ, មនសិការស្នេហាជាតិមាតុភូមិ សំដៅសម្រេចភារកិច្ច ការពារជាតិ ដែលជាគុណសម្បត្តិចម្បងរបស់នាយទាហាន ពលទាហានគ្រប់រូប។

៧. ចំពោះការកែទម្រង់គ្រឿងបំពាក់គ្រប់ប្រភេទ សម្រាប់គ្រប់ប្រភេទទ័ព, ទ័ព- ជំនាញ ទន្ទឹមនឹងការបំពេញបរិមាណតាមក្របខ័ណ្ឌបំពាក់ត្រូវយក “គុណភាព ជាអាទិភាព”។ កន្លងមករាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បានខិតខំស្វែង រក និងបង្កប្រភព ដោយបានធ្វើការបំពាក់បន្ថែម នូវអាវុធយុទ្ធោបករណ៍ទំនើបៗ ជាច្រើន ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចការពារជាតិ និងបន្តខិតខំ បំពាក់ជាជំហានៗ តទៅទៀត។ សូមយកចិត្តទុកដាក់ក្នុងការថែទាំបច្ចេកទេស ឱ្យបានត្រឹមត្រូវ, ធានាប្រសិទ្ធភាពនៃការប្រើប្រាស់បានយូរអង្វែង។

ទី

៨. ចំពោះការងារធានាភ័ស្តុភារហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង, ការងារ ធានាផ្គត់ផ្គង់បើកចែកតាមគោលរបបកំណត់, ធានាគ្រប់, ទាន់ពេលវេលា, ធានាបានគុណភាពដល់យោធិន គ្រប់រូប គួបផ្សំនឹងការខិតខំកែច្នៃជីវភាពរស់នៅ, សុខុមាលភាពយោធិន ដោយការបង្កបង្កើនផលបន្ថែម លើកកំពស់ការរស់នៅ របស់យោធិន និងក្រុមគ្រួសារឱ្យបានល្អប្រសើរ។ ជាមួយនេះ, ត្រូវយកចិត្ត ទុកដាក់លើការងារសម្ព័ន្ធមេត្រីភាព រវាងកងទ័ព ជាមួយស្ថាប័នស៊ីវិល និងឯកជន ដោយតាមដាន, គ្រប់គ្រង, ត្រួតពិនិត្យការប្រើប្រាស់ជំនួយឧបត្ថម្ភរបស់ដៃគូឱ្យចំ គោលដៅ។

ទី៩. ត្រូវត្រៀមលក្ខណៈជានិច្ច ក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋា- ភិបាលនៅគ្រប់កាលៈទេសៈ, យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយសម្ភារៈ គ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យ ជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖