ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេកបានកោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿងបំពាក់ស៉ីម៉ាំងប្រែនដែលឃាត់ទុកកាលពីបុណ្យចូលឆ្នាំថ្មីដើម្បីយកមកអប់រំ។
សមត្ថកិច្ចប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តដែលឱ្យនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨និង០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានធ្វើការអប់រំដល់យុវជនដែលជាម្ចាស់ម៉ូតូចំនួន១៣គ្រឿង បានបំពាក់សុីម៉ាំងខុសលក្ខណៈបច្ចេកទេសឱ្យយល់ដឹងអំពីច្បាប់។
នគរបាលចរាចរណ៍ផ្លួវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឱ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងឮខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥គ្រឿង សរុបចំនួន១៣គ្រឿង ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ថ្ងៃទី13 – 16/04/2024) ឱ្យម្ចាស់មកដោះស្រាយនិងយកសម្ភារៈត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។
ក្រោយធ្វើការអប់រំណែនាំរួច ខាងនគរបាលចរាចរណ៍បានធ្វើការប្រគល់ម៉ូតូជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាលម្ចាស់នៅតែបន្តសកម្មភាព ប្រើប្រាស់បើកបរម៉ូតូមានបំពាក់គ្រឿងបំពងសំឡេងឮខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចយើងនឹងមានចំណាត់ការតាមច្បាប់៕
ដោយ ៖ វណ្ណា