ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេធធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ ដើម្បីឈានទៅសម្រេចបានគោលនយោបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល ពោលគឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២ គឺ៖

១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យមានចំនូនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។

២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការរៀបចំមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាមអោយក្លាយទៅជាពេទ្យតំបន់នៅត្រឹមឆ្នាំ២០៣០។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទំនើប និងមានសមត្ថភាពជាពិសេសប្រែក្លាយមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាមឱ្យទៅជាពេទ្យតំបន់ដែលផ្ដល់លក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។ ជាមួយនឹងការប្រែក្លាយទៅជាពេទ្យតំបន់សម្ដេចធិបតីបានបញ្ជាឱ្យក្រសួងសុខាភិបាលរៀបចំបណ្ដុះបណ្ដាលពេទ្យឱ្យគ្រប់គ្រាន់ ជៀសវាងមានការខ្វះខាតទៅថ្ងៃខាងមុខពេលមន្ទីរពេទ្យដាក់ដំណើរការ។ 

សម្ដេចថា៖ «ពេទ្យបើកហើយ ឧបករណ៍មានហើយ ត្រូវមានពេទ្យព្យាបាល»។ សម្ដេចបានលើកឡើងថា ជាមួយនឹងការពង្រីកសមត្ថភាពទៅជាពេទ្យតំបន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបនឹងទទួលការវះកាត់ព្យាបាលជំងឺបេះដូងនិងជំងឺដែលធ្ងន់ធ្ងរមួយចំនួនទៀតដូចជាមហារីកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖