ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គោលដៅធំរបស់យើងទៅថ្ងៃក្រោយ គឺយើងចង់ឱ្យគ្រប់រាជធានីខេត្តទាំងអស់មានសមត្ថភាពសុខាភិបាលកម្រិតខ្ពស់ ប៉ុន្តែយើងមិនទាន់អាចធ្វើបានទេ ដូច្នេះហើយជាជំហានដំបូងយើងត្រូវពង្រីកមន្ទីរពេទ្យតំបន់ ដើម្បីបំពេញឱ្យមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីរពេទ្យនៅខេត្តសៀមរាបនេះ គឺជាមន្ទីរពេទ្យតំបន់ដើម្បីធានាដល់ការជួយសម្រាលមន្ទីរពេទ្យនៅភ្នំពេញ តាមរយៈការរុញសេវាកម្រិតខ្ពស់ឱ្យនៅកៀកប្រជាពលរដ្ឋ។
សម្តេចបានបន្ថែមថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ក្នុងទំហំទឹកប្រាក់ ១៤១លានដុល្លារ ដើម្បីយកមកអភិវឌ្ឍមន្ទីរពេទ្យតំបន់ចំនួន២ គឺសៀមរាប និងកំពង់ចាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ថ្លែងនាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រោយចូលឆ្នាំនេះយើងបានធ្វើការចរចារគ្នាច្រើន យើងមាន ៣ ដែលជាគោលដៅ មានមុខងារសាធារណៈ អប់រំ សុខាភិបាល ហើយឥលូវនេះសុខាភិបាលបានដើរមុនហើយ ចេញកញ្ចប់ថវិកា ចេញផែនការសកម្មភាពសម្រាប់អនុវត្តន៍ នៅតែចាត់តាំងអនុវត្តន៍ធ្វើតែម្តង ចឹងសម្រាប់ ៤ឆ្នាំនេះ ១៧០លានជាង សម្រាប់ពង្រឹងនៅពេទ្យមូលដ្ឋាន ហើយថវិកា ១៤១លាន ពង្រឹងពេទ្យនៅក្នុងតំបន់, សម្រាប់ក្នុងវិស័យសុខាភិបាលទាំងមូល ថវិកាជាតិមានច្រើនសម្រាប់ទម្លាក់មកនេះមានប្រមាណជិត ១ ០០០លានដុល្លារ សម្រាប់ពង្រឹង និងព្យាបាលប្រជាពលរដ្ឋ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបញ្ចេញថវិកាទាំងនេះគឺមិនទាន់បានបូកជាមួយនឹងការបញ្ចេញថវិកាសម្រាប់កម្មវិធីជំនួយសង្គមផ្សេងៗដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៍សុខាភិបាល ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ និងបញ្ហាហានិភ័យ ដែលមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយជាង ១៤០០លានដុល្លាររួចទៅហើយ ការចំណាយនេះគឺចាំបាច់ត្រូវតែចំណាយ ដើម្បីសុខភាពនឹងសុភមង្គមរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ជាតិ និងភាពរឹកមាំ គឺត្រូវការមនុស្សដែលមានសុខភាពល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «ការវិនិយោគទៅលើវិស័យសុខាភិបាល អត់ថយនោះទេ ដូចទៅនឹងវិស័យអប់រំដែរ ហើយមានវិស័យមួយចំនួនថយ, កាលពីសង្គ្រាមការពារជាតិធំ ក្រោយមកយើងថយ តែវិស័យអប់រំ សុខាភិបាលយើងកើន សម្រាប់អាណត្តិថ្មីនេះក៏នឹងបន្តបន្ថែមទៀត ហើយឱ្យកាន់តែមានប្រសិទ្ធភាព ភាពប្រសើរ និងទំនើបកម្មកាន់តែខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែប្រសើរឡើង»៕
ដោយ ៖ សិលា