ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។
សម្តេចធិបតី មានប្រសាសន៍ថា ៖ ការអភិវឌ្ឍមូលធនមនុស្ស ផ្តោតលើអាទិភាពចំនួន ៥៖
(១).បង្កើនគុណភាពសិក្សាអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
(២).បង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាល ។
(៣).លើកកម្ពស់សុខភាព និងសុខុមាលភាព។
(៤).ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហារូបត្ថម្ភ ។
និង (៥). ពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ ។
សម្តេចធិបតីលើកឡើងថា ៖ ដូច្នេះ គោលដៅយុទ្ធសាស្រ្តនៃ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» គឺបន្តកាត់បន្ថយការឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ។
សម្តេចបន្តថា ៖ ដើម្បីឈានទៅសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ
(១). ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង(២).ការពង្រីករបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. (ប្រមាណជាង ៣ លាននាក់)។ ទន្ទឹមគ្នានឹងការអនុវត្តយន្តការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមូលដ្ឋាន ដោយផ្តោត ជាចម្បងលើ៖
ទី១. ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
ជាចុងក្រោយ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេស បុគ្គលិកនៅមន្ទីរពេទ្យស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដែលបាននិង កំពុងបម្រើការងារផ្តល់សេវានៅតាមតំបន់ជនបទ ព្រមទាំងចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហគមន៍ ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និង កំពុងរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការខិតខំប្រឹងប្រែងរួម ក្នុងការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទំនើប និងមានសមត្ថភាពជាពិសេសប្រែក្លាយមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាមឲ្យទៅជាពេទ្យតំបន់ដែលផ្ដល់លក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។ ជាមួយនឹងការប្រែក្លាយទៅជាពេទ្យតំបន់សម្ដេចធិបតីបានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំបណ្ដុះបណ្ដាលពេទ្យឲ្យគ្រប់គ្រាន់ជៀសវាងមានការខ្វះខាតទៅថ្ងៃខាងមុខពេលមន្ទីរពេទ្យដាក់ដំណើរការ។
សម្ដេចថា៖ «ពេទ្យបើកហើយ ឧបករណ៍មានហើយ ត្រូវមានពេទ្យព្យាបាល»។ សម្ដេចបានលើកឡើងថា ជាមួយនឹងការពង្រីកសមត្ថភាពទៅជាពេលតំបន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបនឹងទទួលការវះកាត់ព្យាបាលជំងឺបេះដូងនិងជំងឺដែលធ្ងន់ធ្ងរមួយចំនួនទៀតដូចជាមហារីកផងដែរ៕
ដោយ ៖ សិលា