ភ្នំពេញ៖ លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនដៃដល់ចំនួន០២នាក់ ក្រោយធ្វើសកម្មភាពប្រើដាវកែច្នៃ កាប់ជនរងគ្រោះបណ្តាលឱ្យរបួស នៅចំណុចលើសួនច្បារគល់ស្ពានឥន្ទ្រីកោះពេជ្រ។
ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វេីឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចលើសួនច្បារគល់ស្ពានឥន្ទ្រីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ចំនួនពីរនាក់ បានប្រើដាវកែច្នៃ មកធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរបួស និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ដេញតាមចាប់និងឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ យកមកសាកសួរតាមនីតិវិធីច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តារា