ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអនឡាញ កាស៊ីណូDTG លោតសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនជាតិវៀតណាមបុគ្គលិកអនឡាញ កាស៊ីណូDTG លោតសម្លាប់ខ្លួនមិនដឹងមូលហេតុនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុង បានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ង្វៀន វ៉ាន់លួន(Nguyen Van Luan អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកអនឡាញ កាស៊ីណូDTG មានទីលំនៅភូមិទី៦ ឃុំង៉ាវ៉ាន់ ស្រុកង៉ាសុន ខេត្តថាញហាវ ប្រទេសវៀតណាម។

ប្រភពបន្តថា កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៤បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចយើងថា មានជនជាតិវៀតណាមស្លាប់នៅក្រោមដើមប្រេងខ្យល់មាត់ប្រឡាយទឹកជិតផ្លូវក្រវ៉ាត់ព្រំដែនខាងក្រោយបរិវេណក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារDTGស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកអធិការនគរបាលក្រុងបាវិត ចាត់តាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី សមាជិកគណ:កម្មាការកោសល្យវិច័យ នៃមន្ទីរពេទ្យជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការពិនិត្យសាកសព។

ការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកាមេរ៉ាសុវត្តិភាព ការពិនិត្យសាកសព  គ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា ឈ្មោះ ង្វៀន វ៉ាន់ លួន ពិតជាស្លាប់ដោយសារប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរប្រាកដមែន។

បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា សាកសពត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនតាមរថយន្ដទៅប្រគល់ជូន ការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុនៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ដ្រ ក្រសួងមហាផ្ទៃ រក្សាទុកនៅសាលរក្សាសព វត្តទឹកថ្លាដើម្បីបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖