ភ្នំពេញ ៖ ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និងសាច់ខួរក្បាល (Acute Subdural Haematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចក្បាល រហូតដល់រយៈពេលមួយអាទិត្យក្រោយពីគ្រោះថ្នាក់ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់ (subdural haematoma)។
ជាទូទៅវាកើតឡើងបន្ទាប់ពីការរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹង មិនពាក់មួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ក៏មានដែរការធ្លាក់ពីលើទីខ្ពស់ ឬការរអិលដួលបោកក្បាល។ យើងក៏សង្កេតឃើញមានជំងឺនេះលើមនុស្សចាស់ដែលមានគ្រោះថ្នាក់ប៉ះទង្គិចក្បាលតិចតួច ឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំរំលាយឈាមផងដែរ(Anticoagulant)។ ជំងឺនេះទាមទារឲ្យអ្នកជំងឺចូលសម្រាកពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅចន្លោះស្រោមខួរក្បាល និងសាច់ខួរក្បាលនោះចេញជាបន្ទាន់។
ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចខាតភ្លាមៗដោយសារយន្តការ៣របៀប៖
– បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង
– បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល
– ការខូចខាតដល់ជាលិកាខួរក្បាល បណ្ដាលមកពីការខ្ទាំខួរ (Contusion) ការរលាក(inflammatory response) ការកើនសម្ពាធក្នុងខួរក្បាល (increased intracranial pressure)។ ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផល វានឹងធ្វើអោយមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាលរបស់មនុស្សយើងជាបន្តបន្ទាប់មកទៀត (secondary brain injury)។
ក) ការប៉ះពាល់៖
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបានចំពោះអ្នកដែលមាន GCS(3-5)។
អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖
– អាយុក្រោម ៤០ឆ្នាំមានហានិភ័យ ៣០% នៃការស្លាប់
– អាយុចាប់ពី ៤០ឆ្នាំទៅ ៧០ឆ្នាំមានហានិភ័យ ៤៨% នៃការស្លាប់
– ចាប់ពី ៧០ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ ៧៤%
ការជាសះស្បើយពីជំងឺនេះ ត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូច ឬធំ ការមកដល់មន្ទីរពេទ្យលឿន ឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្លាកស្នាមរបួសដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយ និងផ្លូវចិត្តជារៀងរហូតក៏មានដែរ។
ខ) រោគសញ្ញា៖
រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវ ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖
– ការឈឺក្បាលខ្លាំង ឬតិច
– ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក
– ការវង្វេង
– ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ
– ទន់ត្របកភ្នែក ងងុយជាប់រហូត
– ពិបាកនិយាយ ឬនិយាយមិនចេញ
– ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ
– ទន់ ឬពិការមួយចំហៀងខ្លួន
– ការបាត់បង់ស្មារតី ឬសន្លប់
គ) ការព្យាបាល៖
ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។
រីឯដុំឈាមដែលមានកំរាស់ចាប់ពី១០មីលីម៉ែត្រ ឬធំជាងនេះសង្កត់រុញវៀចទៅលើខួរក្បាលម្ខាងទៀតរួមជាមួយស្មារតីអ្នកជំងឺថយចុះខ្លាំង ការរីកប្រស្រីភ្នែក។ល។ អាចនឹងត្រូវធ្វើការវះកាត់យកលលាដ៍ និងឈាមកកចេញ ដើម្បីបន្ថយសំពាធក្នុងខួរក្បាលដោយក្រុមវេជ្ជបណ្ឌិតជំនាញវះកាត់ប្រព័ន្ធប្រសាទ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្រោយការវះកាត់។
ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលច្រើនខែ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា (physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំលេង (speech therapists) ផងដែរ។
ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។
“ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយមានរោគសញ្ញា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា