ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុនី អញ្ជើញជាអធិបតីក្នុងវេទិកា «ផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយ រីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជា សកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គមនិងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយតបសំនួរក្នុងវេទិកា «ផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា» នៅក្នុងអង្កការ PSE «ប៉េ អេស អឺ» ដែលមានអ្នកចូលសរុប១១០៨ នាក់ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងបញ្ជាក់ថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិកម្នាក់ៗនោះទេ។

លោកស្រីបណ្ឌិតមានប្រសាសន៍ថា សមាគមទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក «FAPW» ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមាគមកាយឫទ្ធិនារីកម្ពុជា ខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់បេសកកម្មរបស់សមាគមស្របតាមគោលបំណង របស់ សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

ប្អូនៗយុវតីដែលចូលរួមទាំងអស់ ពិតជារំភើបសប្បាយ រីករាយយ៉ាងខ្លាំង ដែលមានឱកាសបានចូលរួមនៅក្នុង វេទិកានេះ ព្រោះពួកគេបានសួរសំនួរទៅកាន់លោកស្រីបណ្ឌិត ដែលជាចម្ងល់នៅក្នុងចិត្តរបស់ពួកគេ ក៏ដូចជាសារប្រយោជន៍ នៃការចូលរួមជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា។ ហើយការផ្តល់ដំបូន្មានល្អៗពីលោកស្រីបណ្ឌិត នាឱកាស នេះបានធ្វើឱ្យពួកគេ មាន ការយល់ដឹងកាន់តែច្បាស់ពីតម្លៃស្រ្តីខ្មែរ ទាំងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ជាដើម។ លើសពីនោះ ទៀត គឺបានជម្រុញទឹកចិត្តរបស់ពួកគេ ឱ្យមានការតស៊ូក្នុងជីវិត ខិតខំសិក្សារៀនសូត្រ និងចូលរួមក្នុងកិច្ចការសង្គមជាដើម។

​សូមបញ្ជាក់ថាអង្គពិធីទាំងមូលបានសម្តែងក្ដីរីករាយ ចំពោះសារសំខាន់ៗរបស់លោកស្រីបណ្ឌិត ដែលបានចែករំលែកបទពិសោធជីវិត និងការងារ ជូនដល់ប្អូនៗសិស្សនិស្សិត យុវតី និងក្រុមវឌ្ឍននារីនា ដើម្បីបានជាគន្លឹះ អាចឱ្យពួកប្អូនៗយកទៅអនុវត្ត កសាងអនាគត និងទិសដៅជីវិតឱ្យប្រសើរឡើង។ ជាងនេះផងដែរ គឺនឹងកាន់តែជំរុញទឹកចិត្ត ចូលរួមស្ម័គ្រចិត្តចែករំលែក របស់សមាជិកគាំទ្រកាន់តែខ្លាំងបន្ថែមទៀត លើសកម្មភាពការងារសង្គម៕

ដោយ៖ សូរិយា


ចែករំលែក៖