ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានវិបត្តិអ្វីបុរសម្នាក់ហក់ចូលរថយន្តកុងតឺន័រកិនខ្ទេចក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងដេីរតាមដងផ្លូវសុខៗមិនដឹងថាមានវិបត្តិរឿងអ្វី ទេីបហក់ចូលរថយន្តកុងតឺន័រ បណ្តាលឱ្យកិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ បើពិនិត្យមើលតាមអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួន មានឈ្មោះ ខេង សុខិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។ 

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវពីជើងទៅត្បូង ផុតពីម៉ូតូកង់បីហើយ ហក់ចូលរថយន្តកុងតឺន័រ ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3711 កំពុងបើកពីកើតទៅលិច បណ្តាលឱ្យកិនជនរងគ្រោះ បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង រថយន្តបន្តបើកទៅមុខ បានចម្ងាយជាង១០០ម៉ែត្រ ទើបអែបឈប់ អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖