ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ លោក នាយឧត្តមសេនីយ៍ ផាក អានស៊ូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសមជាមួយ លោក នាយឧត្តមនាវី គម ស្យុងស៊ូ នាយសេនាធិការចម្រុះ នៃកងទ័ពសាធារណរដ្ឋកូរ៉េ និងជួបពិភាក្សាទ្វេភាគីជាមួយសម ភាគី លោក នាយឧត្តមសេនីយ៍ ផាក អានស៊ូ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺអនុលោមតាមអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោកទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាកាលឆ្នាំ២០២២កន្លងទៅ និងតាមផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ៕
ដោយ ៖ សិលា