ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថា មនុស្ស១១នាក់បានបាត់ខ្លួនបន្ទាប់ពីព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើភាគខាងត្បូងនៃប្រទេស ខណៈដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយបណ្ដាលឱ្យទឹកទន្លេហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ និងបង្កើនការភ័យព្រួយថាអាចនឹងបង្កទៅជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ តាម Xinhua មនុស្សសរុប១១នាក់បានបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើផ្នែកជាច្រើននៃខេត្ត Guangdong ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ចំណែក មនុស្ស ៥៣ ០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ហើយក្នុងនោះមាន៤៥ ០០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Qingyuan នៃខេត្ត Guangdong ដែលស្ថិតនៅតាមបណ្ដោយទន្លេ Bei។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នៅថ្ងៃចន្ទនេះ ខណៈអាជ្ញាធរឧតុនិយមបានព្យាករថានឹងមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងនៅតាមតំបន់ឆ្នេរនៃខេត្ត Guangdong ហើយផ្នែកខ្លះនៃខេត្ត Fujian, Guizhou និងខេត្ត Guangxi ក៏អាចនឹងរងផលប៉ះពាល់ដោយសារព្យុះភ្លៀងផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖ cctv)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច