ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន៩៩០នាក់បន្ថែមទៀត ឱ្យចូលរៀននូវមុខជំនាញចំនួន១១មុខ ដូចខាងក្រោម៖
១- ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
២- ការថែទាំ និងជុសជុលរថយន្ត
៣- សេវាកម្មរដ្ឋបាល
៤- សេវាកម្មសម្អាងកាយ
៥- ការផ្សារអគ្គិសនី
៦- ការងារកំបោរ
៧- ការដំឡើងបណ្តាញបំពង់ទឹក
៨- ការផលិតនំ
៩- ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត
១០- ការចិញ្ចឹម និងថែទាំត្រីប្រា
១១- ការកែច្នៃបន្លែ និងផ្លែឈើ។
សម្រាប់វេនសិក្សាវិញ រួមមាន ថ្ងៃច័ន្ទ-សុក្រ មានវេនព្រឹក ល្ងាច និងយប់ និងថ្ងៃសៅរ៍-អាទិត្យ មានវេន ព្រឹក-ល្ងាច។ វគ្គសិក្សានេះនឹងចាប់ផ្ដើមចាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិចរង្វង់មូលនាងរំសាយសក់ចំងាយ១.៥០០ម៉ែត្រ)៕
ដោយ ៖ សិលា