ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពីការៀបចំពិធីបុណ្យវិសាខបូជា ឆ្លងព្រះពុទ្ធសករាជចូល ២៥៦៨

ចែករំលែក៖

ភ្នំពេញ ៖ បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និង ពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនឹកដល់អភិលក្ខិត សម័យទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នា។ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ។

ឆ្នាំនេះ ពិធី បុណ្យវិសាខបូជា រាជរដ្ឋាភិបាល បានរៀបចំជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ និងថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទ យ៉ាងច្រើនអធិកអធម។ ដោយឡែកនៅតាមបណ្តាវត្តអារាមទូទាំងប្រទេស បានរៀបចំពិធីបុណ្យនេះព្រមៗ គ្នាដែរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសានា ជាសាសនារបស់រដ្ឋ។

ដើម្បីឱ្យពិធីបុណ្យវិសាខបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖

១-ត្រូវសហការជាមួយសាលាគណ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយពីខ្លឹមសារស្តីពី បុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋានឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យ នៃពិធីបុណ្យវិសាខបូជា។

២-ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជាឱ្យបានមហោឡារិក ស្របតាមទំនៀម ទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្តារាជធានី ខេត្ត នីមួយៗ ត្រូវជ្រើសរើស វត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធី បុណ្យវិសាខបូជា ជាផ្លូវការ។

៣-ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវ រៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋាន ជាដើម។

៤-គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព។

៥-សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងបំផុស សប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា រក្សាឱ្យបាននូវ ប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា និងអនុមោទនាយកអានិសង្សរៀងៗខ្លួន។

ទទួលបានសេចក្តីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត អជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖