ព័ត៌មានទាន់ហេតុការណ៍៖

អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀត ហើយប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សុី

ចែករំលែក៖

ភ្នំពេញ ៖ លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀត ហើយប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សុី និងគណបក្សប្រឆាំងផងដែរ។

លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរយ៉ាងដូច្នេះថា ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់!

ខ្ញុំបាទ ជា ប៉ូច អតីតកំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ពិតជាមានការសោកស្តាយ ដែល បានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់ សម្តេចតេជោ ។

ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

នៅក្នុងន័យនេះដែរ ខ្ញុំបាទសូមជម្រាបជូន សម្តេចតេជោ ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្ត ផ្តាច់ខ្លួនពីលោក សម រង្សុីនឹងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្ស ភ្លើងទៀន និង គណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាទ ការលាបពណ៌ ការ បំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។ 

អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ ដល់រូបខ្ញុំបាទ ចំពោះទង្វើដែលខ្ញុំបាទ បានប្រព្រឹត្តខុសក្នុងរយៈពេល កន្លងទៅ សូមផ្តល់ឱកាសឲ្យរូបខ្ញុំបាទ បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ។

ប្រទេសអូស្ត្រាលី, ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ៕ 

ដោយ ៖ សិលា


ចែករំលែក៖