ភ្នំពេញ ៖ នារីម្នាក់បើកម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តបម្រុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោកខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី មុខសាលាសង្កាត់កាកាបទី១ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-4155 ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន មកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តម៉ាក តូយ៉ូតា Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2062 បើកដោយបុរជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យនារីអ្នកបើកម៉ូតូ រងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោកខ្លួន ចំណែកម៉ូតូរួញមួយកំណាត់មុខ រីឯរថយន្តបែកស្តុបខាងឆ្វេង ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយក្រុមគ្រួសារចេញមុខដោះស្រាយ សម្របសម្រួលគ្នាជាមួយភាគីខាងរថយន្ត ដោយជនជាតិចិនជួយចេញថ្លៃព្យាបាលរបួសចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាល ៕
ដោយ៖ ជ្រោយពេជ្រ