ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់”

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល! – ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រឹទ្ធាចារ្យ លោកតា លោកយាយ! -បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធ ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ដើម្បីជំរុញ និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជាគ្មាន ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាព យ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជា ក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយ បញ្ញាញាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរនិងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេច គោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវ តែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។ បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជា សិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។

– ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! – បងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន!

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា

ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុង

អនុវត្តក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងពិភពលោកគ្មានជំងឺគ្រុនចាញ់ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ការលើកកម្ពស់សិទ្ធិមនុស្សនិងសមភាពយេនឌ័រ ដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគ រួមទាំងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី

បុគ្គលិកសុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជនគ្រប់រូបដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវជោគជ័យគួរជាទីមោទនៈលើសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យ នៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ទៅជាការអនុវត្តជាក់ស្តែងកាន់តែស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងប្រតិបត្តិការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ហើយខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈវិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត សប្បុរសជន ព្រះសង្ឃ មន្ត្រីសុខាភិបាលគ្រប់កម្រិត អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងអស់ នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាទីបញ្ចប់ ក្នុងឱកាសនៃការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖