ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយរោគាពាធនៅវេលាម៉ោង ១០:៣០នាទីយប់

ចែករំលែក៖

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយរោគាពាធនៅវេលាម៉ោង ១០:៣០នាទីយប់។ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមវិញ្ញាណក្ខន្ធលោក ស ស៊ីណា បានទៅកាន់សុគតិភព និងឆាប់យោនចាប់កំណើតសាជាថ្មី ។ នេះជាប្រសាសន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ 

លោករដ្ឋមន្ត្រីបន្តថា ៖ ជួបបងចុងក្រោយនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងនិងបានប្រគល់បណ្ណសរសើរជូនបង។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសារលិខិតរំលែកមរណទុក្ខ

ជូនចំពោះ លោកជំទាវ សេក គឹមហ៊ុន និងក្រុមគ្រួសារ

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាព នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:៣២ នាទីយប់ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ ឯកឧត្តម ស ស៊ីណា ជាថ្នាក់ដឹកនាំមួយរូបពោរពេញដោយសមត្ថភាព ដែលកន្លងមកបានបំពេញការងារបានយ៉ាងល្អ ជាពិសេសបានដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំសម្រេចបាន នូវសមិទ្ធផលជាច្រើនជូនមន្ទីរព័ត៌មាន រដ្ឋបាលខេត្ត ព្រមទាំងក្រសួងព័ត៌មានផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ស ស៊ីណា ក៏ជាឪពុក និងស្វាមី ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ គុណធម៌ និងបាន ចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ។

ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូម ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស ស៊ីណា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖