ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ធ្វើយ៉ាងណាធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។
ក្រៅពីលើកបញ្ហាអគ្គិសនីហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកពីបញ្ហាព្រំដែនរវាងកម្ពុជា និងឡាវផងដែរ។ ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ថា ឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។
ក្នុងឱកាសនៃជំនួប លោកប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ៕
ដោយ ៖ សិលា