ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា ចំនួន០២រូប។
ដើម្បីសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន២រូប ដែលជំនួស សម្តេចតេជោ ហ៊ុន សែន និងលោកប្រាក់ សុខុន ដែលបានលាលែងទៅកាន់តំណែងជាប្រធាន និងអនុប្រធានព្រឹទ្ធសភា។
របៀបវារៈសម័យប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់តំណាងរាស្ត្រចំនួន ២រូប ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលនេះ
លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង។
លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស លោក ប្រាក់ សុខុន ដែលបានសុំលាលែង។
២៖ អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹកនេះ ៕
ដោយ ៖ សិលា