ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្ក្រាបក្មេងស្ទាវមួយក្រុមមានឈ្មោះ (RSK)ដកហូតកាំបិតនឹងដាវជាច្រើនដើម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកងម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញបានចុះបង្ក្រាបក្មេងស្ទាវមួយក្រុមមានឈ្មោះ (RSK) ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ដកហូតកាំបិតនឹងដាវជាច្រើនដើម កាលពីម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុងមុខវត្តឧត្តរាវតី ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងនាព្រឹកថ្ងៃទី២៥មេសានេះថា ក្រុមក្មេងស្ទាវដែលឃាត់ខ្លួនបាន៤នាក់មាន ៖

ទី១.ឈ្មោះ ឌី ប៊ុនឆន ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរ លក់ដូរ (មានសារធាតុញៀន)(ឃាត់ខ្លួន)។

២.ឈ្មោះ នឿន ប៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)។

៣.ឈ្មោះ ណាង លីដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរ និសិត្សសកលវិទ្យាល័យណ័រតុន (NU)(ឃាត់ខ្លួន)។

៤.ឈ្មោះ វុទ្ធី ច័ន្ទកក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យដែលកាន់កាប់អាវុធខុសច្បាប់នេះ ដោយកំលាំងសមត្ថកិច្ចទទួលបានព័ត៌មានថា មានក្រុមក្មេងស្ទាវមួយក្រុមប្រហែល២០នាក់មានដាវដំបង កាំបិត ដុំឥដ្ឋ ជួបជុំគ្នានៅមុខវត្តឧត្តរាវតី ភ្លាមៗនោះកំលាំងល្បាតសហការប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រាលនៃស្នងការរាជធានីចុះទៅដល់កន្លែងកើតហេតុហើយឃាត់ជនសង្ស័យបានចំនួន០៤នាក់ ដកហូតបានដែករលាស់ចំនួន០១ដើម កាំបិតបុ័ងតោចំនួនមួយ និងប្រមូលបានដាវចំនួន០៤ដើមនៅកន្លែងកើតហេតុដែលពួកក្មេងស្ទាវទាំងនោះបោះចោល។តាមការសារភាពរបស់ជនសង្ស័យគឺក្រុមនេះជាក្រុមដែលមានឈ្មោះ(RSK) បើតាមការបញ្ជាក់គឺមានក្រុមក្មេងទំនើងក្រុមពោធិចិនតុងមករកកាប់ក្រុមRSKទើបពួកនេះមកចាំមុន ហើយត្រូវសមត្ថកិច្ចឃាត់តែម្តង។

សម្ភារៈដកហូតមាន ៖ ១.ដែករលាស់មួយដើម,២.កាំបិតបុ័ងតោមួយ, ៣.ដាវចំនួន០៤ដើម, ៤.ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JF៧៩១២, ៥.ម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BQ៧៩០២។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្តទៀត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖