ខេត្តកំពត៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីមួយនេះ បានបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ។
សូមជម្រាបថា បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលគេស្គាល់ថា ជាអ្នកផលិតវីដេអូ និងជាតារា titok បានបង្ហោះរូបភាពភ្ជាប់ជាមួយរូបសំណាកសេះសមុទ្រដែលជាកាយវិការមិនសំរម្យ ធ្វើឲ្យមហាជនមានការរិះគន់មិនសំចៃមាត់។
ក្រោយបង្ហោះរូបភាពនេះរួច ក៏មានមតិរិះគន់ជាច្រើនពីមហាជន លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពតក៏បានលើកឡើងដែរថា នេះជាទង្វើរគ្មានសីលធម៍ និងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ក។លោកស្នងការខេត្ត ក៏បានស្នើឲ្យម្ចាស់គណនីហ្វេសប៊ុករូបនោះលុបរូបនោះចេញជាបន្ទាន់។
គួរបញ្ជាក់ថា បេីទោះបីជាម្ចាស់គណនីឈ្មោះ Santa kh បានបង្ហោះសារសុំទោសជាសាធារណៈនៅលើគណនីរបស់ខ្លួន និងលុបចោលវិញក៏ដោយ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអញ្ជេីញឱ្យម្ចាស់គណនីហ្វេសប៊ុកទៅជួបលោកនៅស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន៕
ដោយ៖ តារា