ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមថ្វាយព្រះពរ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សាគត់។
សូមបញ្ជាក់ថា ៖ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ត្រូវបានទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែលបានយាងចូលព្រះទិវង្គត។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងសេចក្តីសម្រេច រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា ទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្ដីទីនៃកម្ពុជា។ ចំណែក សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ទទួលភារកិច្ច ជាសម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃកម្ពុជា។
គួរបញ្ជាក់ថា ៖ ការសម្រេសតែងតាំងនេះ គឺបន្ទាប់ពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕
ដោយ ៖ សិលា