ភ្នំពេញ ៖ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូនណនតេជោ ធ្វើឱ្យគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន សង្គម និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ និងលើកឡើងថាដោយពុំមានការសិក្សាច្បាស់លាស់។ ប្រជាពលរដ្ឋបានជ្រាបហើយថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ «ព្រែកជីកហ្វូណនតេជោ» សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើ ព្រែកជីកហ្វូណន-តេជោ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីកដើម្បីភ្ជាប់ទន្លេជាមួយសមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ ៕
ដោយ ៖ សិលា