ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេលជាង១ខែ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១៨នាក់ បញ្ជនទៅតុលាការរួចរាល់ និងឃ្លុំដីបានជាងក្នុងទំហំ ១ម៉ឺនហិកតា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ចាប់តាំងពីថ្ងៃផ្ដើមយុទ្ធនាការ ពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងចម្រុះ បានបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានជាង១ម៉ឺន ១ពាន់៤រយហិកតា ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន១៨នាក់ និងដកហូតវត្ថុ តាងផ្សេងៗមួយចំនួនទៀត ។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងចម្រុះដែលក្នុងនោះរួមមាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នគរបាលជាតិ កម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្ស សរុបចំនួនជិត៨០០នាក់ បាននឹងកំពុងប្រតិបត្តិការ យ៉ាងក្តៅគគុក ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម្យ៉ាងវិញទៀត មន្រ្តីពាក់ព័ន្ធផ្សេងៗ ក៏បានអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ធនធានធម្មជាតិ និងកុំប្រព្រឹត្តបទល្មើសខុសច្បាប់ផងដែរ។
យុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្ត ពោធិ៍សាត់ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើនិងត្រូវបន្តទប់ស្កាត់ការកាប់ទន្ទ្រានបំផ្លាញព្រៃឈើនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាពនិងដើម្បីការអភិវឌ្ឍដោយចីរភាព ដែល ក្នុងនោះមានដូចជា ការមិនលែកលែងចំពោះអ្នកប្រព្រឹត្តិបទល្មើស ដោយតម្លាភាព គ្មានអំពើពុករលួយ និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សាកំណើនជា ពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០%នៅឆ្នាំ២០៥០ ស្រប តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧៕
ដោយ៖ សូរិយា