ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចបានគម្រោងនេះ។សម្រាប់សម្តេចកន្លងទៅ វិស័យដឹកជញ្ជូនរបស់កម្ពុជាវបានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន។ ការប្រកាសបែបនេះរបស់សម្ដេច ធ្វើឡើងនាឱកាសសម្តេច អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ដូច្នេះសម្តេចត្រូវតែជម្នះចំពោះការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»ឱ្យបាន។
សម្តេចតេជោ បានប្រកាសឱ្យក្រុមអ្នកឧកញ៉ានៅកម្ពុជា ត្រៀមចូលរួមជួយដល់ដំណើរការសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» ក្នុងករណីគម្រោងនេះមិនមានថវិកាពីក្រៅប្រទេស។
សម្តេចតេជោ ថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្យ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។សម្រាប់សម្តេច ពេលដែលវៀតណាមស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជា៕
ដោយ៖ តារា