ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ត្រូវធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាចិត្តធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគទាក់ទាញវិនិយោគពីក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា ៖ បើសិនកម្ពុជាគ្មានសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនោះទេ ក៏ពុំមានការវិនិយោគបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសយើងដែរ ពោលគឺគេមិនមកវិនិយោគនៅក្នុងតំបន់អសន្តិសុខនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសញ្ជាក់ថា ៖ ដើម្បីទាក់ទាញការវិនិយោគនានាទៅបាន រាជរដ្ឋាភិបាល ក៏ត្រូវធានាធនធានគន្លឹះ រួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកវិនិយោគ រួមទាំងការដាក់ចេញនូវវិធានការនិងគោលនយោបាយលើកទឹកចិត្តនានា ដើម្បីផ្តល់អំណោយផលដល់វិស័យឯកជន និងការវិនិយោគផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតកង់ឡានលំដាប់ពិភពលោកចំនួនពីរទៀតមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុននេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាកសិករអ្នកដាំកៅស៊ូនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖