ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីអំពាវនាវ និងសូមអញ្ជើញសប្បុរសជននិងបងប្អូនជនរួមជាតិ មេត្តាចូលរួមឧបត្ថម្ភតាមសទ្ធា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីអំពាវនាវ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មានកិត្តិយសសូមអំពាវ នាវចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជន និង បងប្អូនជនរួម ជាតិ សូមចូលរួមបរិច្ចាគជាសម្ភារ និងថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និង ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមជួយឧបត្ថមគាំទ្រជាសម្ភារ ថវិកា ដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ តាមសទ្ធាជ្រះថ្លា ។

វិភាគទានដ៏សប្បុរសទាំងអស់នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់ដើម្បីបម្រើ បុព្វហេតុមនុស្សធម៌ សង្គ្រោះដល់ជនរងគ្រោះ ជនងាយរងគ្រោះ បង្កដោយមនុស្សក្តី និងធម្មជាតិក្តី ដែលត្រូវការជំនួយ ឧបត្ថម្ភជាចាំបាច់ សម្រាប់ជួយសម្រាលទុក្ខលំបាក សង្គ្រោះឱ្យចាកផុតពីភាពវេទនា និងការឈឺចាប់ ។

ចំពោះការឧបត្ថម្ភនេះ សូមមេត្តាប្រគល់ជូននៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ផ្លូវមាត់ ទន្លេ (ផែលើ) រៀងរាល់ម៉ោងធ្វើការ ឬក៏ផ្តល់ជូនក្នុងឱកាសប្រារព្ធពិធីនា ថ្ងៃសៅរ៍ ទី ១១ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៧: ៣០ ព្រឹក នៅសាលមហោស្រពខេត្តក្រចេះ ។

សូមប្រសិទ្ធពរបវរសួស្ដីជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង សប្បុរសជន ទាំងអស់ជួបប្រទះ តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ   

ដោយ ៖ សិលា


ចែករំលែក៖