ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ស្វាមីរបស់លោកស្រី ទ្រី ដាណា បើកគេចគោលដៅត្រួតពិនិត្យជាតិស្រវឹង​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាមឃាត់​រថយន្ត​ឱ្យ​អ្នកបើកបរផ្លុំជាតិអាល់កុល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ សូមធ្វើការបំភ្លឺបកស្រាយជូនសាធារណជនមេត្តាជ្រាបថា: អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពដដែលបន្តថា​ លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។

ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀតការចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យដឹងថាគឺមានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេតឃើញបទល្មើសចរាចរណ៍បានថយចុះផងដែរ។​ អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖