ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិក សិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន មានប្រសាសន៍ព្រែកជីកហ្វូណន-តេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការមានដង្ហើមរស់ដោយខ្លួនឯងឈប់ខ្ចីដង្ហើមគេដកបន្តទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែន ជា ប្រយោជន៍ របស់ ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចបានថ្លែងថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ សម្តេចការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់ លាស់ណាស់ពីផលប៉ះពាល់។ ហើយតាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យ កម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការ ទន្លេមេគង្គប៉ុណ្ណោះ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ៖ ប្រទេសច្រើនធ្វើព្រែក ធ្វើវារី អគ្គិសនី ជាច្រើន មិនខ្វល់មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ ដូច្នេះគ្មានអ្វីមករារាំង គម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។ សម្តេចបញ្ជាក់ថា ៖ គម្រោងព្រែកជីកហ្វូណនតេជោបានសិក្សាយ៉ាង លម្អិតរយៈពេលប្រមាណ ២៦ខែ ដូច្នេះសម្ដេចបានផ្តាំទៅជនក្បត់ជាតិបីជំនាន់នៅក្រៅប្រទេស សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំងដើម្បីតែប្រឆាំង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់«ព្រែកជីកហ្វូណន តេជោ» ដែលជា គម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណន តេជោ»សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នៅក្នុងប៉ុន្មានខែឆាប់ៗខាងមុខនេះ ចូលទៅដល់កិច្ចព្រមព្រៀមមួយតង់ទៀត ខ្ញុំបានស៊ីញ៉េនៅខែតុលា កាលពីខ្ញុំធ្វើទស្សនកិច្ចនៅចិន គឺរាជរដ្ឋាភិបាលរបស់យើងបានស៊ីញ៉េជាមួយក្រុមហ៊ុនរួចហើយ អំពីកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ដែលជាកិច្ចព្រមព្រៀងក្នុងគោលការដើម្បីធ្វើ ហើយខ្ទង់ជាខែកក្កដា ដល់ខែកញ្ញា ខាងមុខនេះ យើងនឹងចាប់ផ្តើមស៊ីញ៉េមួយតង់ទៀត ហើយយើងសង្ឃឹមថា នឹងអាចឈានទៅដល់ការបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះ ឫយ៉ាងយូរឆ្នាំ២០២៥ ដើម្បីធ្វើឱ្យបាន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាការប្តេជ្ញាចិត្តដើម្បីធ្វើការសាងសង់ព្រែងជីកហ្វូណនឱ្យបាន។ ក្នុងន័យផ្តាំទៅដល់ក្រុមប្រឆាំងផ្កាប់មុខរឿងគម្រោងព្រែកជីកហ្វូណនតេជោនេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា «លោកដែលថាស្រលាញ់ជាតិនោះគួរពិចារណា និងមើលពីសន្ទុះនៃការគាំទ្ររបស់ប្រជាជន កុំប្រឆាំងដើម្បីតែប្រឆាំង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់សាសនា និងគ្រប់និន្នាការ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រទៅដល់ការធ្វើគម្រោងព្រែកជីកហ្វូណនតេជោនេះឱ្យបានជោគជ័យ ដើម្បីយើងបានឃើញទាំងអស់គ្នា ៕
ដោយ ៖ សិលា