ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីកាត់បន្ថយហានិភ័យ ប្រទេសហ្វីលីពីនតម្រូវឱ្យសិស្សរៀនតាមអនឡាញ

ចែករំលែក៖

កាលពីកូវីដ-១៩ ផ្ទុះឡើង សិស្សសាលាទាំងអស់បង្ខំឱ្យរៀនតាមអនឡាញ បញ្ចៀសរាល់ការជួបជុំគ្នា ។ នៅពេលនេះសិស្សក៏ត្រូវរៀនតាមអនឡាញជាថ្មីដោយសារតែអាកាសធាតុក្តៅខ្លាំង ខុសប្រក្រតី ។
សារព័ត៌មាន AFPបានផ្សាយថា ប្រទេសហ្វីលីពីននឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើការព្យាករពីរលកម្ដៅដ៏ក្ដៅ …គួបផ្សំនឹងការប្រកាសធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ដក្រុង សាលារដ្ឋទាំងអស់ទូទាំងប្រទេសនឹងត្រូវបើកបង្រៀនតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»។
រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើប្រទេសហ្វីលីពីនអស់រយៈពេលច្រើនសប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលារាប់ពាន់កន្លែងត្រូវបើកបង្រៀនតាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីនកំពុងត្រួតពិនិត្យតាមដានលើសាលាជាង ៤៧ ០០០កន្លែងនៅទូទាំងប្រទេស។
សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីន មិនមានបំពាក់ម៉ាស៊ីនត្រជាក់នោះទេ ដែលនេះបានផ្ដល់ការលំបាកដល់សិស្សអំឡុងរងការវាយប្រហារដោយរលកកម្ដៅនេះ។ ចំណែកក្រុមអ្នកបើករថយន្ដក្រុង jeepney វិញ ក៏បានប្រកាសពីការធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ៣ថ្ងៃផងដែរ ដោយចាប់ផ្ដើមពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះផែនការរបស់រដ្ឋាភិបាលដែលចង់បញ្ឈប់ការប្រើប្រាស់ជាដំណាក់កាលនូវរថយន្ដក្រុងបញ្ចេញផ្សែងហុយមួយនេះ ត្រូវបានប្រើប្រាស់ដោយប្រជាជនហ្វីលីពីនជាច្រើនជាមធ្យោបាយធ្វើដំណើរទៅធ្វើការនិងទៅសាលារៀន៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖