ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា៖ សម្តេចតេជោ សម្តេចធិបតីនិងគណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅនិងរឹងមាំរបស់ប្រជាជនក្នុង បុព្វហេតុកសាង និងការពារមាតុភូមិ, ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ

ចែករំលែក៖

ភ្នំពេញ ៖ «សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកំពូលៗ និងគណបក្សប្រជាជនកម្ពុជាទាំងមូលជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅនិងរឹងមាំរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ, សម្តេចទាំងទ្វេរួមនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាបានគិតគូរផលប្រយោជន៍ជាតិនិងប្រជាជនជាធំ និងបានខិតខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជាយើង។ យើងទាំងអស់គ្នាជា​សមាជិកសមាជិកគណបក្សសូមគាំទ្រជានិច្ចនិងប្តេជ្ញាអនុវត្តតាមគោលការណ៍ សេចក្តីណែនាំនិងគោលនយោបាយនានាដែលបានដាក់ចុះ»។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន នៅវិមាន ៧ មករា រាជធានីភ្នំពេញ។

លោក នេត្រ ភក្ដ្រា ក្នុងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោឱ្យសម្រេចបាន នាពេលអនាគត។ លោកបានគូសបញ្ជាក់គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី អំពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន នេះមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មានសរុបជាង ៦០០ នាក់ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពនៃសមាជិកបក្ស ការប្រកាសសេចក្តីសម្រេចស្តពីការទទួលស្គាល់ក្រុមការងារយុវជនបក្សក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានធ្វើបាឋកថាតម្រង់ទិសលើការពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ព្រមទាំងបានលើកឡើងពីដំណើរកម្ពុជាក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រចេញពីអាណានិគមបារាំង មកការទទួលបានឯករាជភាព និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អំពើប្រល័យពូជសាសន៍រហូតទទួលបាននូវសុខសន្តិភាពពេញលេញដោយការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងការកសាងជាតិឡើងវិញឱ្យរីកចម្រើន។

លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មានបានថ្លែងថា ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជា មិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះយើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សត្រូវការពារស្មារតី ៧ មករា និងការពារសុខសន្តិភាពដែលរកបានមកដោយពិបាកនេះ ទោះក្នុងតម្លៃណាក៏ដោយ៕​

ដោយ៖ សិលា


ចែករំលែក៖