សារព័ត៌មានចិន Xinhua បានផ្សាយថា ព្យុះដ៏កំណាចមួយបានវាយប្រហារលើទីក្រុង Guangzhou ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយសម្លាប់មនុស្ស៥នាក់ និង៣៣នាក់រងរបួស។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានផ្អែកលើមន្ត្រីក្នុងតំបន់ បានរាយការណ៍ថា ខ្យល់កួចបាន វាយប្រហារលើស្រុក Baiyun នៃទីក្រុង Guangzhou កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ដោយបង្កឱ្យអគាររោងចក្រ១៤១ខ្នង រងការខូចខាតផងដែរ ប៉ុន្តែមិនមានផ្ទះប្រជាជនបាក់រលំនោះទេ។ ក្រុមអ្នកជួយសង្រ្គោះមកពីទីភ្នាក់គ្រប់គ្រងគ្រោះអាសន្ន ឧតុនិយម ភ្នាក់ងារពន្លត់អគ្គិភ័យ រដ្ឋាករទឹក និងមន្ត្រីសុខាភិបាលក្នុងទីក្រុង Guangzhou ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។
កាលពីឆ្នាំមុន ខេត្ត Jiangsu របស់ចិនធ្លាប់បានរងការវាយប្រហារពីព្យុះកំណាចមួយដែលបានសម្លាប់មនុស្ស ១០នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភាគអាគ្នេយ៍ប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនទ្រង់ទ្រាយធំ និងបង្កឱ្យមានគ្រោះរអិលបាក់ដីដែលបង្កឡើងដោយចំហាយសេសសល់នៃព្យុះទីហ្វុង Haikui នៅពេលនោះ៕ ដោយ៖ ធីរីណា
រូបថត៖ weibo