ខេត្តព្រះវិហារ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារយោធិនទាំង២០រូប ពលីជីវិត ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួល ដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបណ្តាលឲ្យយោធិន ចំនួន ២០រូប ពលីជីវិត។
ក្នុងពេលវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុងអង្គភាព និងសូម សម្តែងនូវសេចក្តីសង្វេគក្រៀមក្រំបំផុតចំពោះការបាត់បង់យោធិនពលីទាំង ២០រូប គឺជាការបាត់បង់ស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូន ហើយជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពល ខេមរភូមិន្ទ ដោយបានចូលរួម ធ្វើពលិកម្មដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និង ការពារទឹកដីជារៀងរហូតមក។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង ២០រូប សូមឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ក្រុមគ្រួសារយោធិនពលីទាំង ២០រូប ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី យើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សិលា