ព័ត៌មានទាន់ហេតុការណ៍៖

នៅរាត្រីថ្ងៃទី២៩នេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួល ដោយផ្ទាល់នូវព្រះរាជវត្តមាន ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ

ចែករំលែក៖

ភ្នំពេញ ៖ បើមិនមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃទី២៩ ខែមេសានេះ ព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ (Hassanal Bolkiah) នៃប្រទេសព្រុយណេ នឹងយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅទទួលព្រះរាជវត្តមានព្រះអង្គដោយផ្ទាល់ និងរួមដំណើរជាមួយព្រះអង្គមកកាន់សណ្ឋាគារដែលព្រះមហាក្សត្រព្រុយណេទ្រង់ចំណាយពេលវេលាស្នាក់នៅមួយយប់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា ៖ ក្នុងសំណេរបណ្ដាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅបានបញ្ជាក់ថា ៖ ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃទី២៩ ខែមេសានេះ ព្រះមហាក្សត្រព្រុយណេព្រះអង្គនឹងយាងមកដល់ កម្ពុជាដែលសម្ដេចនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ 

«ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅព្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ។ 

តើតាមសម្ដេចតេជោ គោលបំណងទស្សនកិច្ចរបស់ព្រះអង្គគឺមកស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្ដេចដែលព្រះអង្គរាប់អានសម្ដេចដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោកថាក់ ស៊ីនជាប្អូនទី២ និងសម្ដេចជាប្អូនពៅ)។ 

«ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹកថ្ងៃទី៣០ ខែមេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រ។ ឯសម្ដេចតេជោ មានកូនប្រុសទាំងបីរួមមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ។ 

ជាមួយគ្នានេះសម្ដេចតេជោ បានថ្លែង ក្រោយការស្រស់ស្រូប សម្ដេចនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។ 

សូមជម្រាបជូនថា ៖ កម្ពុជា ជាប្រទេសដែលមាន សន្តិភាព ពេញលេញ ក្នុងរយៈពេលដ៏ខ្លី កម្ពុជាមានការអភិវឌ្ឍខ្លាំង ស្ទើរនឹកស្មានមិនដល់ ហើយពិភពលោក ទទួលស្គាល់កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ៕

ដោយ ៖ សិលា


ចែករំលែក៖