ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតីបង្ហាញលទ្ធផលធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន 56,445 នាក់ ក្នុងនោះវិជ្ជមានចំនួន 76 នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។ 

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

១) កៀរគរជំនួយដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។ 

២) សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត។

៣) បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោលរបស់អង្គភាពនានាទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង។

៤) ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាលនិងស្តារនីតិសម្បទា។ 

សូមអរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ៕

ដោយ៖ សូរិយា


ចែករំលែក៖